ធនាគារអ៊ូរី មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការគ្នាក្នុងការជម្រុញ អាជីវកម្ម Startup នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី 10 ខែមេសា ឆ្នាំ 2024ធនាគារ អ៊ូរី ខេមបូឌា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេដែលប្តេជ្ញាចិត្តក្នុងការជម្រុញការបង្កើតថ្មី និងការរីកចម្រើន បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាផ្លូវការ ជាមួយមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កិច្ចព្រមព្រៀងនេះ បង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជម្រុញការរីកចម្រើននៃអាជីវកម្ម Startups របស់កម្ពុជា។​

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់ដល់សហគ្រិន និងជម្រុញការផ្លាស់ប្តូរឌីជីថល ធនាគារ អ៊ូរី  នឹងត្រៀមខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ។ តាមរយៈការបង្កើតហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ និងសេវាកម្មហិរញ្ញវត្ថុពិសេស កិច្ចសហការនេះមានគោលបំណងផ្តល់ការគាំទ្រដល់សាស្រ្តាចារ្យ គ្រូបណ្តុះបណ្តាល សិក្ខាកាម និងនិស្សិតរបស់ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្តែងការសាទរដោយបញ្ជាក់ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមដំណើរផ្លាស់ប្តូរថ្មីនេះជាមួយធនាគារ អ៊ូរី  ។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ យើងមានគោលបំណងគាំទ្រការបំពាក់ឧបករណ៍ និងធនធានចាំបាច់ដល់សហគ្រិនដែលទើបចាប់ផ្តើមអាជីវកម្មថ្មីនៅកម្ពុជា ដើម្បីឲ្យមានភាពរីកចម្រើននៅក្នុងពិភពឌីជីថលកាន់តែច្រើនឡើង»។

លោក Cho Byung Kyu អគ្គនាយក ធនាគារ អ៊ូរី  ការិយាល័យកណ្តាល បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃភាពជាដៃគូក្នុងការជម្រុញសហគ្រិនភាព និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ លោកបានប្រកាសពីផែនការសម្រាប់ ធនាគារ អ៊ូរី ខេមបូឌា ដើម្បីបង្កើតការិយាល័យសាខាជាមួយនឹងគោលគំនិត “ធនាគារនៅក្នុងសាកលវិទ្យាល័យ” ក្នុងគោលបំណងផ្តល់នូវសេវាធនាគារដ៏ងាយស្រួលសម្រាប់សាស្រ្តាចារ្យ បុគ្គលិក និស្សិត និងសាធារណជន។

លោកបន្តថា​ “នៅក្នុងឌីជីថលភាវូបនីយកម្ម ខណៈពេលដែលធនាគារកំពុងស្វែងរកដំណោះស្រាយ Fintech ដ៏ល្អបំផុត នោះយើងកំពុងស្នាក់នៅក្នុងអគារតែមួយ ដូច្នេះយើងអាចគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ ដូចជាធនាគារ អ៊ូរី  នឹងអាចផ្តល់ជំនួយដើមទុនដល់ អាជីវកម្ម Startupsផ្នែកហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា រួមទាំង ការចាប់ផ្តើមរបស់ខ្លួននឹងគាំទ្រដល់ធនាគារ អ៊ូរី  សម្រាប់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត”

តាមរយៈការប្រើប្រាស់ធនធាន និងជំនាញដ៏ទូលំទូលាយរបស់ធនាគារ អ៊ូរី  មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នឹងខិតខំជម្រុញការផ្លាស់ប្តូរឌីជីថលរបស់ អាជីវកម្មStartups  និងជម្រុញបរិយាកាសដល់ការបង្កើតថ្មី និងកំណើនប្រកបដោយចីរភាព។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជម្រុញវប្បធម៌នៃភាពជាសហគ្រិននៅកម្ពុជា។​​

លោកបណ្ឌិត ស្រ៊ុន សុវីឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូថា “សូមអរគុណដល់ធនាគារ អ៊ូរី  សម្រាប់ទំនុកចិត្តមកលើមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា និងឈានទៅដល់ពិធីចុះហត្ថលេខាលើ MOU ជាផ្លូវការនៅថ្ងៃនេះ។ យើងនឹងរួមគ្នា ចាប់ផ្តើមដំណើរនៃកិច្ចសហការ ការច្នៃប្រឌិត និងការរីកចម្រើន ដែលបង្កើតផលជាវិជ្ជមានដល់អាជីវកម្មStartups  និងសហគ្រិនភាពនៅកម្ពុជា ។ ចំពោះសហគ្រិន និងអ្នកច្នៃប្រឌិតទាំងអស់ដែលមានវត្តមាននៅទីនេះថ្ងៃនេះ ខ្ញុំសូមជម្រុញឱ្យអ្នកចាប់យកឱកាសដែលភាពជាដៃគូនេះនាំ ដើម្បីធ្វើការរួមគ្នា លើការបង្កើតថ្មី ការចាប់ផ្ដើមអាជីវកម្ម និងសហគ្រិនភាព ដើម្បីជម្រុញការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសកម្ពុជា»។​​

សូមបញ្ជាក់ដែរថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងធនាគារ អ៊ូរី  តែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយធនាគារ អ៊ូរី បានផ្តល់អាហារូបករណ៍ចំនួន 100 កន្លែងដល់និស្សិតថ្នាក់បរិញ្ញាបត្រនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើមុខជំនាញឯកទេសសំខាន់ៗ រួមមានឯកទេសបង្កើតថ្មី និងមានស្រាប់ដូចជា៖ នគរូបនីយកម្ម និងការអភិវឌ្ឍន៍ក្រុងប្រកបដោយចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍   វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ​និងគណិតវិទ្យា តាំងពីខែមករា ឆ្នាំ 2023 មក។

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេរបស់កូរ៉េ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជននៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ធនាគារ អ៊ូរី បានចូលទីផ្សារហិរញ្ញវត្ថុកម្ពុជាតាំងពីឆ្នាំ 2014 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោយមក ធនាគារបានពង្រីកវត្តមានរបស់ខ្លួនដោយរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងបង្កើតសាខាក្នុងស្រុក ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ 2022។ ធនាគារ អ៊ូរី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា បញ្ញើរសន្សំ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស ធនាគារឌីជីថល ឥណពន្ធ និងប័ណ្ណឥណទាន សម្រាប់អតិថិជនឯកត្តបុគ្គល និងសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក។

គិតត្រឹមខែធ្នូ ឆ្នាំ 2023 ធនាគារ អ៊ូរី មានសាខាចំនួន 140 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 455 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​1.4 ពាន់លាន សំពៀតឥណទាន 1,212​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ 434 លានដុល្លារ។ “ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

អំពីមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា

មជ្ឈមណ្ឌលជាតិ Incubation Center of Cambodia (មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា) ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការច្នៃប្រឌិតបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង។ មជ្ឈមណ្ឌលនេះក៏ជាកន្លែងតភ្ជាប់រវាងសហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និស្សិត និងសហគ្រាស ដើម្បីពិភាក្សាក្នុងគោលបំណងស្វែងរកដំណោះស្រាយដ៏ល្អបំផុត។

អំពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាស្ថាប័នសិក្សាឈានមុខគេដែល​​​​ផ្តោតលើឧត្តមភាពក្នុងវិស័យអប់រំ ការស្រាវជ្រាវ និងការចូលរួមសហគមន៍។ សាកលវិទ្យាល័យតែងជម្រុញការបង្កើតថ្មី ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគតនៃកម្លាំងចលករ​ និងសង្គមរបស់កម្ពុជា។

Share