ធនាគារ អ៊ូរី បានប្រគល់រង្វាន់ជាទឹកប្រាក់ជិតមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់ម្ចាស់ជ័យលាភី ៣រូប ពីការប្រកួតប្រជែងរចនា UXUI របស់WOORI WON!

ភ្នំពេញ៖ ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការ​កណ្តាលនៃធនាគារ អ៊ូរី បានប្រារព្ធកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភី​ទាំង ៣រូប ពីការប្រកួតប្រជែងរចនាUXUI របស់WOORIWON សរុបជាទឹកប្រាក់ចំនួន ៩.០០០ ដុល្លាសហរដ្ឋអាមេរិក។ ​កម្មវិធីនេះមានកិត្តិយសដោយមានការចូលរួមប្រគល់រង្វាន់ដោយផ្ទាល់ពីសំណាក់លោកអគ្គនាយកប្រតិបត្តិ​ គីម ហុងជូ គណៈកម្មការវាយតំលៃ ព្រមទាំងថ្នាក់ដឹកនាំ ជាន់ខ្ពស់​របស់ ធនាគារ អ៊ូរី​​ ។​
ម្ចាស់ជ័យលាភីទាំងបីរូប ទទួលបាននូវ ប្រាក់រង្វាន់ជាទីគាប់ចិត្តចំនួន ៥.០០០​ ដុល្លារ ៣.០០០ ដុល្លារ​ និង ១.០០០ ដុល្លារ​ ​តាមលំដាប់  លេខ១​ លេខ​២​ និងលេខ៣។ កម្មវិធីប្រគល់រង្វាន់នេះ សបញ្ជាក់ពីការយកចិត្តទុកដាក់របស់ ធនាគារ អ៊ូរី ទៅលើការបង្កើតនូវបទពិសោធន៍ថ្មី នៃការប្រើប្រាស់កម្មវិធីធនាគារចល័ត​ និងធនាគារឌីជីថល ដែលស្របតាម និន្នាការ នៃការប្រើប្រាស់ និងតម្រូវការរបស់អតិថិជន នៅក្នុងយុគសម័យឌីជីថល។​

លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិ របស់ធនាគារ បានថ្លែងថា ធនាគារ Woori Bank Cambodia បានអញ្ជើញអ្នកដែលមានគំនិតល្អៗនៅក្នុង Fin Tech ដើម្បីចូលរួមបង្កើតការរចនាដ៏ទាក់ទាញ និងមុខងារបន្ថែមដល់ WOORI WON ដើម្បីធ្វើអោយកម្មវិធី ធនាគារចល័តមួយនេះក្លាយជាកម្មវិធី មួយដ៏ទាក់ទាញ និងងាយស្រួលប្រើ
បំផុតនៅក្នុងប្រទេសកម្ពុជា

ចក្ខុវិស័យរបស់ធនាគារ Woori Bank Cambodia គឺដើម្បីក្លាយជា“ជម្រើសទីមួយនៃសេវាកម្មហិរញ្ញវត្ថុ”សម្រាប់ប្រជាជនកម្ពុជាជាមួយនឹងគុណតម្លៃស្នូលរបស់យើងជាធនាគារដែល លឿនបំផុត ងាយស្រួលបំផុត និងច្នៃប្រឌិតបំផុតនៅកម្ពុជា” លោក អគ្គនាយកប្រតិបត្តិបានបន្ត ។​​

តំណាងឱ្យម្ចាស់ជ័យលាភីទាំងអស់ លោក វង្ស ឈឹមឧបុល ជ័យលាភីលេខ១ បាននិយាយថា៖ អាចនិយាយបានថា នេះជាកម្មវិធីថ្មីដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានផ្ដល់ឱកាសឱ្យបេក្ខជនទូទៅ រួមទាំងរូបខ្ញុំផងដែរក្នុងការបង្ហាញសមត្ថភាព និងបញ្ចេញស្នាដៃអំពីការរចនា UX/UI សំរាប់កម្មវិធី Mobile Banking។ កម្មវិធីប្រកួតប្រជែងនេះ សបញ្ជាក់ពីការផ្តល់តម្លៃដល់សារៈសំខាន់នៃការងារផ្នែករចនា។ ក្នុងនាមខ្ញុំជាអ្នកអាជីពផ្នែករចនាមួយរូប ខ្ញុំពិតជាពេញចិត្ត និង រំភើបចិត្តជាខ្លាំងចំពោះការផ្តួចផ្តើមរបស់ ធនាគារ អ៊ូរី ដែលបានបង្កើត កម្មវិធី នេះឡើង​​

សូមបញ្ជាក់ដែរ​ថា កម្មវិធីប្រកួតប្រជែងរចនា​ UXUI របស់​Woori WON Mobile Banking ត្រូវបានប្រកាសចាប់ផ្តើមបើកទទួលការបង្ហាញស្នាដៃរយៈពេល២ខែពេញ​ ដោយចាប់ផ្ដើមឡើងតាំងពី ថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់សាធារណជន ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម​​។ មានបេក្ខជនបានដាក់ពាក្យចូលរួមយ៉ាងច្រើន ទូទាំងប្រទេស ដែលបានធ្វើឱ្យដំណើរការ វាយតម្លៃ និងដាក់ពិន្ទុទៅលើស្នាដៃរចនាដែលបានទទួលមក តាមគោលការណ៍ការវិនិច្ឆ័យដ៏តឹងរឹង និងយុត្តិធម៌ ត្រូវចំណាយពេលយូរជាងការរំពឹងទុក។​ ​

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០​ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ,៣ ពាន់លានដុល្លារអាមេរិក     ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាមេរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់។​

Share