ធនាគារ អ៊ូរី និង អង្គការឆាលហ្វាន កម្ពុជា សហការគ្នាបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ ជាមួយរដ្ឋាភិបាល

ភ្នំពេញ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣–ក្នុងកិច្ចសហប្រតិបត្តិការជាមួយ​ ធនាគារ អ៊ូរី (ខេមបូឌា) ម.កអង្គការឆាលហ្វានកម្ពុជា អង្គការបង្រៀនដើម្បីកម្ពុជា  និងក្រសួងអប់រំយុវជន និងកីឡា បានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្មីមួយដើម្បីកាត់បន្ថយគម្លាតឌីជីថលក្នុងវិស័យអប់រំ។​  ​គម្រោងនេះ នឹងនាំឱ្យមានការផ្លាស់ប្ដូរដ៏គួរឱ្យកត់សម្គាល់នូវសមត្ថភាពឌីជីថលក្នុងសាលារៀននៅកម្ពុជា និងផ្តល់ឱកាសស្មើគ្នាដល់សិស្សានុសិស្សសម្រាប់ធ្វើការអភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថល។

ក្រោមការគាំទ្ររបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក តាមរយៈ អង្គការឆាលហ្វាន កូរ៉េ គម្រោងដែលមានរយៈពេលបីឆ្នាំនេះ នឹងពង្រឹងការអប់រំអំពីឌីជីថលក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងសាលារៀនចំនួន ២១ ដែលត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់នៅរាជធានីភ្នំពេញខេត្តកណ្តាល  និងខេត្តកំពង់ធំ។​ តាមរយៈការផ្តល់ជូននូវលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ គម្រោងនេះមានគោលបំណងបំពាក់នូវជំនាញកុំព្យូទ័រជាមូលដ្ឋានអក្ខរកម្មហិរញ្ញវត្ថុ​  និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញដល់សិស្សានុសិស្សជាង ២៤,០០០ នាក់  និងអ្នកចូលរួមដោយផ្ទាល់សរុបប្រមាណ ៦៤,៦១៣ នាក់ រួមមានគ្រូបង្រៀនឪពុកម្តាយ និងមន្រ្តីរាជការ។​  វិធីសាស្រ្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយមួយនេះ នឹងបង្កើតបាននូវធនធានមនុស្សជំនាន់ក្រោយពោរពេញដោយទេពកោសល្យត្រៀមខ្លួនចូលរួម​​ ក្នុងពិភពឌីជីថល។​

អង្គការឆាលហ្វានកម្ពុជា នឹងសហការជាមួយរដ្ឋាភិបាល និងអង្គការជំនាញក្នុងស្រុក អង្គការបង្រៀនដើម្បីកម្ពុជាក្នុងការអនុវត្តគម្រោងនេះ។​  ចីរភាព  និងផលជៈរបស់គម្រោងនឹងត្រូវបានធានាតាមរយៈបណ្តាញកិច្ចសហប្រតិបត្តិការការបង្កើនសមត្ថភាព  និងការចូលរួមរបស់រដ្ឋាភិបាល និងសហគមន៍។​

ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានទទួលស្គាល់ពីសារៈសំខាន់នៃគម្រោងនេះដោយមានប្រសាសន៍ថា “គម្រោងនេះស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំរបស់យើងយ៉ាងល្អឥតខ្ចោះ ហើយវានឹងដើរតួយ៉ាងសំខាន់ក្នុងការបំប៉នសិស្សានុសិស្សនូវជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ហិរញ្ញវត្ថុ  និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។​  ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អង្គការឆាលហ្វានកម្ពុជា និងដៃគូទាំងអស់ក្នុងការជំរុញអក្ខរកម្មជំនាញ​  និងការអប់រំនៅក្នុងប្រទេសរបស់យើង។​ ”

លោក ហុងជូ គីម អគ្គនាយកប្រតិបត្តិ នៃ​ ធនាគារ​ អ៊ូរី បានបង្ហាញនូវមោទនភាពរបស់ខ្លួន​ ក្នុងការគាំទ្រគម្រោងថ្មីនេះដែលដឹកនាំដោយ អង្គការឆាលហ្វានកម្ពុជា។​  លោកជឿជាក់ថា ការផ្តល់ជូនសិស្សានុសិស្សនូវសមត្ថភាពឌីជីថលហិរញ្ញវត្ថុ  និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ នឹងមិនត្រឹមតែជួយជំរុញសក្ដានុពលរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចជួយឱ្យពួកគេរីកចម្រើនលូតលាស់នៅក្នុងពិភពឌីជីថលមួយនេះទៀតផង។​

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសរបស់ អង្គការឆាលហ្វាន កម្ពុជា បានសម្តែងក្តីរំភើបចំពោះការដាក់ឱ្យដំណើការគម្រោងនេះដោយលោកមានប្រសាសន៍ថា “ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ICT)របស់សាលារៀន  និងការកសាងធនធានមនុស្សគឺជាបច្ច័យដ៏សំខាន់សម្រាប់ការរួមចំណែកលើកកម្ពស់ ធនធានមនុស្សនៅកម្ពុជា។​ សមត្ថភាពរបស់គ្រូបង្រៀនក្នុងការប្រើប្រាស់ធនធានឌីជីថលហិរញ្ញវត្ថុ  និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងវិធីសាស្រ្តបង្រៀននៅក្នុងកម្មវិធីសិក្សាដែលបានបង្កើតឡើង នឹងបន្ថែមគុណតម្លៃពិសេសដល់គុណភាពនៃការអប់រំ” ។​

លោកស្រី Namhee Yoon តំណាងអង្គការឆាលហ្វាន កូរ៉េ បានពាំនាំការប្តេជ្ញាចិត្តរបស់អង្គការក្នុងការលើកកម្ពស់ជីវិតរបស់កុមារ និងបំពេញសិទ្ធិរបស់ពួកគេ។​ អ្នកស្រីបានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងមុតមាំរបស់ អង្គការឆាលហ្វានកូរ៉េ ចំពោះគម្រោងរបស់ អង្គការឆាលហ្វាន កម្ពុជា ដោយបង្ហាញក្តីរំភើបអំពីផលជៈជាវិជ្ជមានដែលនឹងកើតមានលើកុមារកម្ពុជា។​

–ចប់–

សម្រាប់ព័ត៌មានបន្ថែមឬការធ្វើសម្ភាសន៍សូមទំនាក់ទំនង៖

លោកឃុនពិសីអ្នកសម្របសម្រួលផ្នែកទំនាក់ទំនងអង្គការឆាលហ្វានកម្ពុជា។​

ទូរស័ព្ទ៖០១២៤៦៩០០៧

អ៊ីមែល៖khunpisey@childfund.org.kh

អំពី​ ធនាគារ​ អ៊ូរី (ខេមបូឌា)ម.ក

ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅ ខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាង ទូលំទូលាយនៅទីផ្សារកម្ពុជា។ ​

គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៣៧ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨០​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៥៥ លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

អំពីអង្គការឆាលហ្វានកម្ពុជា៖

អង្គការឆាលហ្វានកម្ពុជា គឺជាការិយាល័យតំណាងរបស់ អង្គការឆាលហ្វានអូស្រ្តាលី​ ជាអង្គការអភិវឌ្ឍន៍អន្តរជាតិឯករាជ្យ  និងមិនមានលក្ខណៈសាសនាដែលបំពេញការងារដើម្បីកាត់បន្ថយភាពក្រីក្រសម្រាប់កុមារនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។​ អង្គការឆាលហ្វាន បានចាប់ផ្តើមការងារនៅកម្ពុជានៅឆ្នាំ២០០៧ និងបានធ្វើការជាដៃគូជាមួយកុមារសហគមន៍ និងដៃគូក្នុងមូលដ្ឋានដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពតាមរយៈការផ្តល់ជំនួយមនុស្សធម៌ពេលមានគ្រោះមហន្តរាយ និងការលើកកម្ពស់សិទ្ធិកុមារ។​ កម្មវិធីអភិវឌ្ឍន៍សហគមន៍របស់អង្គការឆាលហ្វាន អនុវត្តលើវិស័យកិច្ចការពារកុមារ និងភាពធន់គុណភាពការអប់រំ ការចិញ្ចឹមជីតប្រកបដោយនិរន្តរភាព ការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចមូលដ្ឋាន ទឹកស្អាត និងអនាម័យ និងការពង្រឹងសមត្ថភាពយុវជន។​ ក្នុងនោះអង្គការផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពអំណានរបស់កុមារតូច តាមរយៈបច្ចេកវិជ្ជាទំនើបការពង្រឹងយន្តការការពារកុមារកម្រិតសហគមន៍ និងការឆ្លើយតបចំពោះ គ្រោះមហន្តរាយដោយផ្តោតលើកុមារ។​

អំពីអង្គការឆាលហ្វានកូរ៉េ៖

អង្គការឆាលហ្វានកូរ៉េត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨។​ បច្ចុប្បន្ននេះអង្គការឆាលហ្វាន កូរ៉េ គឺជាអង្គការដែលធ្វើការលើសុខុមាលភាពកុមារដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេស កូរ៉េ ហើយជាសមាជិកសកម្ម និងសំខាន់មួយនៃសម្ព័ន្ធអង្គការឆាលហ្វាន ដែលមានបណ្តាញអន្តរជាតិនៃសមាជិកចំនួន១១រួមមានអូស្ត្រាលីកាណាដាបារាំងអាល្លឺម៉ង់អៀរឡង់ ជប៉ុន នូវែលសេឡង់ អេស្ប៉ាញ ស៊ុយអែត និងសហរដ្ឋអាមេរិក។​ អង្គការឆាលហ្វានកូរ៉េធ្វើការដើម្បីបុព្វហេតុកុមារ គ្រួសាររបស់ពួកគេ និងសហគមន៍ជាមួយដៃគូនៅក្នុងប្រទេសកម្ពុជា បង់ក្លាដែស ឡាវ នេប៉ាល់មីយ៉ាន់ម៉ា វៀតណាម អេត្យូពី អ៊ូហ្គង់ដា កេនយ៉ា និងប្រទេសផ្សេងៗទៀត។​

អំពីTeachForCambodia៖

TeachForCambodiaជាអង្គការឯករាជ្យ និងមិនរកប្រាក់ចំណេញ ដែលមានគោលបំណងដោះស្រាយសមភាពផ្នែកអប់រំនៅកម្ពុជា។​ តាមរយៈការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និង អ្នកជំនាញជាគ្រូបង្រៀននៅតាមសាលារៀនដែលមានតម្រូវការខ្ពស់សម្រាប់រយៈពេល២ឆ្នាំដំបូង អង្គការមានបំណងបណ្ដុះគ្រូបង្រៀន និងអ្នកដឹកនាំជំនាន់ថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់។​ ចក្ខុវិស័យរបស់អង្គការ គឺដើម្បីឱ្យកុមារកម្ពុជាទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាពការគាំទ្រ និងឱកាសជាមួយនឹងបេសកកម្មបង្កើតដំណោះស្រាយប្រកបដោយចីរភាព

ដើម្បីដោះស្រាយបញ្ហាប្រឈមខាងផ្នែកសេដ្ឋកិច្ចសង្គមការកសាងសមត្ថភាពសាលារៀន និងការលើកកម្ពស់អត្តសញ្ញាណជាតិ។​ Teach For Cambodia ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំយុវជន និងកីឡាកម្ពុជា និងជាសមាជិកនៃTeach For All ដែលជាបណ្តាញអប់រំសកល។​

Share