តំណាងរបស់ធនាគារ អ៊ូរី ប្រទេសកូរ៉េ និងអគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមណ្ឌលសុខភាពថ្មីមួយខ្នងនៅខេត្តកំពង់ធំ

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោក​ យូន សឹកម៉ូ តំណាងរបស់ធនាគារ អ៊ូរី ប្រទេសកូរ៉េ និងលោក​ គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ  អ៊ូរី (ខេមបូឌា) ម.ក បានចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីមួយខ្នង របស់មណ្ឌលសុខភាពតាំងក្រសាំង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ដែលឋិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ អគារថ្មីមួយនេះដែលបានទទួលវិភាគទានមួយផ្នែកពី ធនាគារ អ៊ូរី (ខេមបូឌា)​​ម.ក នឹងជួយរួមចំណែកលើកកម្ពស់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុកសន្ទុក និងតំបន់ជុំវិញឲ្យកាន់តែប្រសើរឡើង។

អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២០ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។ ​

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤១៧ នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨២​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។

ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

Share