ធនាគារ អ៊ូរី បានក្លាយខ្លួនជា ធនាគារពាណិជ្ជជាផ្លូវការក្រោមឈ្មោះថ្មី “ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក”

ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២ ភ្នំពេញ – ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក បានប្រកាសជាផ្លូវការ នៃការប្រែក្លាយទៅជា ធនាគារពាណិជ្ជដោយជោគជ័យក្រោមឈ្មោះថ្មីថា ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក ដែលនេះជាព្រឹត្តិការណ៍នៃការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងអំឡុងពេល ៣០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្រ្តរបស់ស្ថាប័នក្នុងការបម្រើសេវាហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។  

ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក បានទទួលបានអាជ្ញាប័ណ្ណ ធនាគារជាតិនៃកម្ពុជា​ និងក្រសួងពាណិជ្ជកម្ម​​ ដើម្បីធ្វើប្រតិបត្តិការធនាគារពាណិជ្ជពេញលេញ។ ជាមួយនឹងមុខមាត់ថ្មីនេះ យើងមានក្តីរំភើបរីករាយ និងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវសេវា និងផលិតផលធនាគារប្រកបដោយភាពច្នៃប្រឌិត ស្របជាមួយនឹងការពង្រីកវិសាលភាពអាជីវកម្មរបស់យើងកាន់តែទូលំទូលាយនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងធនាគារ នៅក្នុងប្រទេសកម្ពុជា។

ធនាគារ​ អ៊ូរី គឺជាសមាជិកនៃ Woori Financial Group ដែលមានវត្តមាននៅតាមប្រទេសនានា ទូទាំងពិភពលោក​ជាមួយនឹង​សាខាជាង ៤៥០ កន្លែងក្នុង២៣ប្រទេស ហើយបានបម្រើសេវាហិរញ្ញវត្ថុអស់រយៈពេលជាងមួយសតវត្សមកហើយ។

លោក គីម ហុងជូ អគ្គនាយក​ប្រតិបត្តិនៃ ​ធនាគារ​ អ៊ូរី​ បានមានប្រសាសន៍ថា៖ “នាឱកាសដែលយើងបានក្លាយជាធនាគារពាណិជ្ជនេះ យើងពិតជារីករាយអបអរ និងទន្ទឹងរង់ចាំនូវដំណើរដ៏គួរឱ្យរំភើបជាមួយអតិថិជន ដៃគូពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធរបស់យើងក្នុងការផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារតាមស្តង់ដារប្រទេសកូរ៉េ ដែលតម្រូវតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ យោងតាមពាក្យស្លោក  “ផ្តោតសំខាន់លើឌីជីថលដើម្បីផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងឱ្យកាន់តែប្រសើរ” របស់ Woori Financial Group ដែលជាម្ចាស់ភាគហ៊ុនរបស់យើង គណៈគ្រប់គ្រងនិងបុគ្គលិករបស់ ធនាគារ អ៊ូរី  បានរៀបចំនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងយុទ្ធសាស្ត្រដ៏ជាក់លាក់ ដើម្បីផ្តល់ជូននូវសេវាកម្មធនាគារដែល​រហ័ស ងាយស្រួល និងមានទំនុកចិត្តខ្ពស់ សម្រាប់គុណភាពជីវិតកាន់តែប្រសើររបស់អតិថិជន និងប្រជាជនកម្ពុជា”។ 

ជាមួយនឹងការពង្រីកវិសាលភាពនៃបណ្តាញសាខា ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២​ នេះតទៅ ធនាគារ អ៊ូរី នឹងបម្រើសេវា និងផលិតផលហិរញ្ញវត្ថុដល់អតិថិជនគ្រប់ៗរូបតាមរយៈសាខាចំនួន ១៣៨ សាខាទូទាំងប្រទេស ដោយ បុគ្គលិកជិត ៤.០០០នាក់ ដែលមានបទពិសោធន៍ខ្ពស់ ស្របជាមួយនឹងការបន្តពង្រីកបណ្តាញសាខា និងម៉ាស៊ីន ATM ទូទាំងប្រទេសកម្ពុជា។ 

​លោក គីម ហុងជូ អគ្គនាយក​ប្រតិបត្តិ​ធនាគារ អ៊ូរី​ បានបន្ថែមថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះនិយ័តករ ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាលរបស់យើងចំពោះការផ្តល់ជាអនុសាសន៍ណែនាំដ៏មានតម្លៃ និងការគាំទ្រដែលគ្មានទីបញ្ចប់។ ខ្ញុំសូមអរគុណចំពោះការប្តេជ្ញាចិត្ត និងការលះបង់ដ៏មុតមាំ ចំពោះបុគ្គលិក និងគណៈគ្រប់គ្រងរបស់យើង។ ជាពិសេស ខ្ញុំសូមអរគុណដល់អតិថិជនជាទីគោរពចំពោះការបន្តគាំទ្រ និងការជឿជាក់មកលើយើងខ្ញុំ។ ខ្ញុំ ទន្ទឹងរង់ចាំស្វាគមន៍លោកអ្នកមកកាន់សករាជថ្មីនៃ​ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​។​

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក​

ធនាគារ អ៊ូរី​ គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានម្ចាស់ភាគហ៊ុន ជា Woori Financial Group ប្រទេសកូរ៉េ។ ធនាគារ អ៊ូរី កំពុងបម្រើសេវា និងផលិតផលហិរញ្ញវត្ថុដែលមានលក្ខណៈ ងាយស្រួល រហ័ស និងទំនុកចិត្តដល់ប្រជាជនកម្ពុជា តាមរយៈសាខាចំនួន ១៣៨ របស់ខ្លួនទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ ធនាគារ មានទ្រព្យសកម្មសរុបចំនួន ១,២ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ៩១៤ លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២១៥ លានដុល្លារ និងអតិថិជនសរុបជាង ៣២៧.០០០ នាក់។

Share