១. សទ្ទានុក្រម
១.១ “សមតុល្យ” មានន័យថា សមតុល្យមានក្នុងគណនីសន្សំដែលអាចប្រើប្រាស់ជាមួយកម្មវិធី ដែលធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានកត់ត្រាទុក។
១.២ “សមតុល្យអប្បបរមា” មានន័យថា សមតុល្យក្នុងគណនីដែលត្រូវបានរក្សាទុកសម្រាប់សមតុល្យគណនីលើកដំបូង។
១.៣ “អតិថិជន” “លោកអ្នក” និង “របស់លោកអ្នក” មានន័យថា អតិថិជនដែលបានប្រើប្រាស់កម្មវិធីសេវាធនាគារចល័ត និងបុគ្គលផ្សេងទៀតណាមួយដែលបានប្រើប្រាស់កម្មវិធីនេះ។
១.៤ “ចំនួនកំណត់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ” មានន័យថា តម្លៃសរុបអតិបរមាចំពោះប្រតិបត្តិការហិរញ្ញវត្ថុ ដែលលោកអ្នកធ្វើប្រតិបត្តិការមួយដង ឬច្រើនដងក្នុងថ្ងៃប្រតិទិនណាមួយ ឬចំនួនកំណត់ផ្សេងទៀតណាមួយដែលនឹងកំណត់នៅពេលណាមួយនាពេលអនាគត។
១.៥ “គណនីសន្សំដែលអាចប្រើប្រាស់ជាមួយកម្មវិធី” គឺជាគណនីសន្សំមួយ ឬច្រើន ដែលអតិថិជនមានជាមួយធនាគារ អ៊ូរី (ខេមបូឌា) ម.ក ហើយអាចតភ្ជាប់ទៅកាន់សេវាធនាគារចល័ត និងប្រើប្រាស់សេវាធនាគារចល័ត។ គណនីសន្សំដែលអាចភ្ជាប់ទៅកាន់សេវាធនាគារចល័ត ត្រូវបានកំណត់នៅក្នុងផ្នែកទី ៣។
១.៦ “ការទូទាត់តាមប្រព័ន្ធ FAST” គឺជាសេវាកម្មផ្ទេរ និងទូទាត់មូលនិធិជារូបិយវត្ថុរៀលនៅតាមបណ្តាគ្រឹះស្ថាន ហិរញ្ញវត្ថុនានា ដែលអនុញ្ញាតឲ្យអតិថិជនទទួលបានមូលនិធិភ្លាមៗ។ សេវាកម្មទូទាត់តាមប្រព័ន្ធ FAST ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធបណ្តាញដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។ នាពេលបច្ចុប្បន្ន អតិថិជន អាចប្រើប្រាស់សេវាកម្មនេះជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកចំនួនជាង ១០។ នៅពេលខាងមុខ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតនឹងចូលរួមក្នុងសេវាកម្មនេះ ហើយយើងខ្ញុំនឹងធ្វើបច្ចុប្បន្នកម្មអំពីតារាងបញ្ជីរាយនាមសមាជិកនៅក្នុងកម្មវិធីនៅពេលណាមួយនាពេលអនាគត។ អតិថិជន ដែលធ្វើការផ្ទេរមូលនិធិ ឬបង្កើតឲ្យមានប្រតិបត្តិការណាមួយ ត្រូវបង់កម្រៃសេវាប្រតិបត្តិការទាំងអស់ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា ដោយអនុលោមតាមចំនួនប្រតិបត្តិការដែលកើតមានឡើងជាបន្ត
បន្ទាប់។
១.៧ “ ធនាគារ” មានន័យ ការណែនាំទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាដើម្បីប្រកបប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
១.៨ “ប្រតិបត្តិការហិរញ្ញវត្ថុ” មានន័យថា ការផ្ទេរណាមួយដែលត្រូវបានធ្វើឡើងពីគណនីសន្សំ ទៅកាន់គណនីផ្សេងទៀតដែលមាននៅក្នុង ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ឬទៅកាន់គណនីរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ឬការទូទាត់ណាមួយដែលត្រូវបានធ្វើឡើងពីគណនីសន្សំ ទៅកាន់គណនីផ្សេងទៀតដែលមាននៅក្នុង ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ឬប្រភេទប្រតិបត្តិការហិរញ្ញវត្ថុផ្សេងទៀតណាមួយ ដែល ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បង្កើតឲ្យមាននៅពេលណាមួយនាពេលអនាគត។
១.៩ “ការខាតបង់” មានន័យថា ការខាតបង់ដែលបុគ្គលណាមួយទទួលរងគ្រោះ ដោយបណ្តាលមកពីការតវ៉ា ការទាមទារ បណ្តឹង ឬសំណុំរឿងដែលកើតមានឡើងចំពោះបុគ្គលនោះ និងរាល់ការខាតបង់ ការចំណាយ ការទទួលខុសត្រូវ ឬការខូចខាតដែលបុគ្គលនោះទទួលរង ឬកើតមានឡើងចំពោះបុគ្គលនោះ។
១.១០ “កម្មវិធីសេវាធនាគារចល័ត” ឬ “កម្មវិធី” មានន័យថា កម្មវិធីដែលផ្តល់សេវាធនាគារចល័ត ហើយដែលកម្មវិធីនោះអាចប្រើប្រាស់លើទូរស័ព្ទចល័ត និងប្រព័ន្ធប្រតិបត្តិការដែលកំណត់ដោយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។
១.១១ “សេវាធនាគារចល័ត” ឬ “សេវាកម្ម” មានន័យថា សេវាកម្មទាំងឡាយណាដែលមានចែងក្នុងប្រការ ២.៤។
១.១២ “គណនីអ្នកប្រើប្រាស់កម្មវិធីសេវាធនាគារចល័ត” គឺជាអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ រួមមានឈ្មោះ និងលេខកូដសម្ងាត់របស់អ្នកប្រើប្រាស់ ដែលអតិថិជនទទួលបាននៅពេលដែលអតិថិជនចុះឈ្មោះប្រើប្រាស់សេវាធនាគារចល័ត។ គណនីអ្នកប្រើប្រាស់នេះ ត្រូវបានតភ្ជាប់ទៅកាន់គណនីសន្សំដែលអាចប្រើប្រាស់កម្មវិធីរបស់អតិថិជន ដូចមានចែងក្នុងផ្នែកទី ៣។
១.១៣ “NBC” មានន័យថា ធនាគារជាតិនៃកម្ពុជា។
១.១៤ “OTP” មានន័យថា លេខកូដសំងាត់ដែល ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ផ្ញើសារ SMS ទៅកាន់លេខទូរស័ព្ទដែលលោកអ្នកបានផ្តល់មកកាន់យើងខ្ញុំនៅពេលចុះឈ្មោះប្រើប្រាស់កម្មវិធី។
១.១៥ “រយៈពេលផ្អាកសកម្មភាពដំណើរការកម្មវិធី” មានន័យថា ថិរវេលាមួយដែល ធនាគារ អ៊ូរី (ខេមបូឌា) ម.ក កំណត់ជាកាលវិភាគក្នុងគោលបំណងសម្រាប់ដំណើរការរដ្ឋបាលផ្ទៃក្នុង ដែលក្នុងរយៈពេលផ្អាកសកម្មភាពដំណើរការកម្មវិធីនេះ លោកអ្នកនឹងត្រូវបានដាក់កំហិត ឬរឹតត្បិតក្នុងការចូលទៅកាន់ ឬប្រើប្រាស់សេវាធនាគារចល័ត។
១.១៦ “លេខសម្ងាត់” មានន័យថា លេខកូដសម្គាល់ផ្ទាល់ខ្លួន ដែលកំណត់ដោយអតិថិជនដើម្បីភ្ជាប់ជាមួយកម្មវិធីធនាគារ ក្នុងការអនុញ្ញាតទាំងការផ្លាស់ប្តូរព័ត៌មានសុវត្ថិភាព ឬប្រតិបត្តិការហិរញ្ញវត្ថុ។
១.១៧ “Biometric” សំដៅទៅលើ ពាក្យបច្ចេកទេសសម្រាប់រង្វាស់ទាក់ទងនឹងចរិតលក្ខណៈរបស់មនុស្សដែលពាក់ព័ន្ធនឹងការអនុវត្តការវិភាគស្ថិតិទៅនឹងទិន្នន័យជីវសាស្រ្ត (ការស្កេនក្រយ៉ៅដៃ ឬមុខ)។
១.១៨ “ព័ត៌មានសុវត្ថិភាព” មានន័យថា វិធានការសុវត្ថិភាព រាប់បញ្ចូលទាំងឈ្មោះ និងលេខកូដសំងាត់របស់អ្នកប្រើប្រាស់ និងលេខកូដសំងាត់សុវត្ថិភាពដែលកំណត់ដោយអតិថិជន ហើយលេខកូដសំងាត់សុវត្ថិភាពនេះ ត្រូវតម្រូវឲ្យបញ្ចូលដើម្បីចូលទៅកាន់កម្មវិធីជាលើកដំបូងនៅលើទូរស័ព្ទថ្មី ឬដើម្បីស្វែងរកជំនួយពីផ្នែកបម្រើសេវាអតិថិជនរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និង/ឬ OTP ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។
១.១៩ “ការផ្ទេរ” មានន័យថា ការផ្ទេរពីគណនីសន្សំ ទៅកាន់គណនីផ្សេងទៀតដែលមាននៅក្នុង ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ឬទៅកាន់គណនីរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។
១.២០ “ធនាគារ អ៊ូរី (ខេមបូឌា) ម.ក” “យើងខ្ញុំ” និង “របស់យើងខ្ញុំ” មានន័យថា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។
២. ការប្រើប្រាស់កម្មវិធីសេវាធនាគារចល័ត
២.១ អតិថិជន ត្រូវបើក ឬមានគណនីសន្សំជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និងត្រូវចុះឈ្មោះបង្កើតគណនីអ្នកប្រើប្រាស់ តាមការរយៈការចុះឈ្មោះដោយខ្លួនឯង ដោយពុំចាំបាច់មកកាន់សាខារបស់យើងខ្ញុំដើម្បីប្រើប្រាស់កម្មវិធីសេវាធនាគារ ចល័ត។ លោកអ្នកអាចប្រើប្រាស់កម្មវិធីបានតែលើទូរស័ព្ទចល័តណាមួយដែលដំណើរការប្រព័ន្ធប្រតិបត្តិការកំណត់ដោយយើងខ្ញុំតែប៉ុណ្ណោះ។
២.២ ក្នុងការប្រើប្រាស់កម្មវិធីថ្មី អតិថិជនត្រូវបញ្ចូលព័ត៌មានដែលបានតម្រូវ និងអនុវត្តតាមជំហានគ្រប់ដំណើរការ។
២.៣ ក្នុងដំណើរការចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងលើកម្មវិធីធនាគារចល័ត លោកអ្នកនឹងត្រូវបានស្នើសុំអោយបញ្ចូលលេខគណនីរបស់លោកអ្នក ឬព័ត៌មានផ្ទាល់ខ្លួនដើម្បីបន្តដំណើរការ។ នៅពេលដែលការចុះឈ្មោះប្រើប្រាស់បានជោគជ័យ លោកអ្នកត្រូវប្រើឈ្មោះប្រើប្រាស់ដោយការបញ្ចូលដោយដៃ/ចងចាំដោយស្វ័យប្រវត្តិ និងលេខសម្ងាត់ ឬការផ្ទៀងផ្ទាត់Biometric ដូចមានចែងក្នុងផ្នែកទី៥ ដើម្បីចូលប្រើប្រាស់កម្មវិធីធនាគារចល័តធនាគារ អ៊ូរី (ខេមបូឌា) ម.ក។
២.៤ នៅពេលដែលលោកអ្នក ចូលទៅកាន់កម្មវិធីសេវាធនាគារចល័តលើកដំបូងលើឧបករណ៍ថ្មី លោកអ្នកត្រូវវាយបញ្ចូល ព័ត៌មានចាំបាច់ បន្ថែមលើឈ្មោះរបស់អ្នកប្រើប្រាស់កម្មវិធី លេខកូដសំងាត់ និងលេខកូដសំងាត់សុវត្ថិភាព របស់អ្នកឲ្យបានត្រឹមត្រូវ។
២.៥ កម្មវិធីនឹងធ្វើការចាកចេញដោយស្វ័យប្រវត្តិ ប្រសិនបើលោកអ្នកមិនបានប្រើប្រាស់វាក្នុងរយៈពេលដែលបានកំណត់ និងសកម្មភាពផ្សេងទៀតដែលបណ្តាលអោយកម្មវិធីចាកចេញដោយស្វ័យប្រវត្តិ ក្នុងរយៈពេលដែលបានកំណត់ដោយធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។
២.៦ លោកអ្នកអាចប្រើប្រាស់កម្មវិធីសេវាធនាគារចល័តដើម្បី៖
- ត្រួតពិនិត្យសមតុល្យដែលនៅមានក្នុងគណនី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក របស់លោកអ្នក
– ពិនិត្យមើលគណនីដែលអនុញ្ញាតដោយយើងខ្ញុំ
- ពិនិត្យមើលកំណត់ត្រានៃប្រតិបត្តិការក្នុងគណនី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក របស់លោកអ្នក ក្នុងរយៈពេលដែលកំណត់ដោយធនាគារ អ៊ូរី (ខេមបូឌា) ម.ក
– ផ្ទេរប្រាក់ពីគណនី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក របស់លោកអ្នក ទៅកាន់គណនីផ្សេងទៀតដែលមាននៅក្នុង ធនាគារ អ៊ូរី (ខេមបូឌា) ម.ក
– ផ្ទេរប្រាក់ពីគណនី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក របស់លោកអ្នក ទៅកាន់គណនីរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតដែលបានចូលជាសមាជិកនៃសេវាកម្មទូទាត់ភ្លាមៗតាមប្រព័ន្ធ FAST របស់ធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធបាគង
– ទូទាត់សងប្រាក់ទៅកាន់គណនីកម្ចីរបស់លោកអ្នក ឬគណនីកម្ចីផ្សេងទៀតណាមួយដែលមាននៅក្នុង ធនាគារ អ៊ូរី (ខេមបូឌា) ម.ក
– បញ្ចូលលុយទូរសព្ទ
– ទូទាត់វិក្កយបត្រជាមួយដៃគូ និង
– ប្រើប្រាស់សេវាកម្មផ្សេងទៀតណាមួយដែលអាចនឹងបន្ថែមនៅពេលណាមួយនាពេលអនាគត។
២.៧ លោកអ្នក អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយវាយបញ្ចូលព័ត៌មាន និង លេខសម្ងាត់ឲ្យបានត្រឹមត្រូវ។
២.៨ នៅពេលដែលលោកអ្នកធ្វើប្រតិបត្តិ្កការហិរញ្ញវត្ថុតាមរយៈកម្មវិធី លោកអ្នកនឹងមានឱកាសក្នុងការកែប្រែការបញ្ជាទូទាត់ប្រាក់ ហើយបន្ទាប់មកកម្មវិធីនឹងធ្វើការបញ្ជាក់អំពីការយល់ព្រមរបស់លោកអ្នកលើការបញ្ជាទូទាត់ប្រាក់នោះ។ តាមរយៈការយល់ព្រមលើការបញ្ជាក់ទូទាត់ប្រាក់នោះ លោកអ្នកអនុញ្ញាតឲ្យយើងខ្ញុំធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ហើយលោកអ្នក ទទួលខុសត្រូវលើរាល់ការខាតបង់ទាំងអស់ ប្រសិនបើការបញ្ជាទូទាត់ណាមួយរបស់លោកអ្នកមានភាពមិនត្រឹមត្រូវ។
២.៩ កម្មវិធីសេវាធនាគារចល័តអាចប្រើប្រាស់បានតែលើទូរស័ព្ទចល័ត និងបណ្តាញតភ្ជាប់ទិន្នន័យ ដែលគោរពតាមយថាប្រភេទ និងទម្រង់រៀបចំ (configuration) ដែលកំណត់ដោយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ហើយការកំណត់នេះអាចនឹងផ្លាស់ប្តូរនៅពេលណាមួយនាពេលអនាគត។ លោកអ្នកយល់ព្រមទិញ និងថែរក្សាទូរស័ព្ទចល័ត និងបណ្តាញតភ្ជាប់ទិន្នន័យដែលបានគោរពតាមលក្ខខណ្ឌតម្រូវទាំងនោះ ក្រោមបន្ទុកចំណាយរបស់លោកអ្នក។ កម្រៃសេវាដែលត្រូវបង់ដល់ប្រតិបត្តិការផ្ដល់សេវាទូរស័ព្ទចល័តអាចមានការប្រែប្រួល។ អតិថិជនជាអ្នកទទួលខុសត្រូវលើការបង់កម្រៃសេវាទាំងនោះ។
២.១០ ចំនួនកំណត់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃមិនត្រូវបានកម្រិតសម្រាប់គណនីប្រើប្រាស់សេវាធនាគារចល័តមួយ តែកម្រិតទៅតាមប្រភេទនៃប្រតិបត្តិការនីមួយៗ។
២.១១ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាចផ្លាស់ប្ដូរនូវសេវាកម្មដែលមានចែងក្នុងប្រការ២.៤ និងដំណើរការរបស់កម្មវិធីនៅពេលណាមួយនាពេលអនាគត។ នៅពេលដែលអតិថិជនបន្តចូលទៅប្រើប្រាស់សេវាធនាគារចល័តបន្ទាប់ពីមានការជូនដំណឹង មានន័យថា អតិថិជនបានទទួលស្គាល់ និងយល់ព្រមលើរាល់ការផ្លាស់ប្ដូរទាំងនោះ។
២.១២ កម្មវិធីសេវាធនាគារចល័តមាន ”រយៈពេលផ្អាកសកម្មភាពដំណើរការកម្មវិធី”។ លើសពីនេះទៅទៀត ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ក៏អាចធ្វើការផ្អាកជាបណ្ដោះអាសន្ននូវដំណើរការនៃសេវាធនាគារចល័តដើម្បីធ្វើបច្ចុប្បន្នភាព ជួសជុលថែទាំ និងកែសម្រួលឲ្យមានភាពប្រសើរឡើង ឬក្នុងមូលហេតុណាមួយផ្សេងទៀត ស្របតាមឆន្ទានុសិទ្ធិរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និងដោយមិនមានការជូនដំណឹងជាមុនដល់អតិថិជន។ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មិនទទួលខុសត្រូវលើរាល់ការខាតបង់ ការទទួលខុសត្រូវ ឬការខូចខាតណាមួយដែលអាចកើតមានឡើង ដោយបណ្តាលមកពីការផ្អាក ឬការព្យួរសកម្មភាពដំណើរការកម្មវិធីនេះឡើយ។
២.១៣ វិសាលភាពនៃការប្រើប្រាស់ លក្ខណៈសណ្ឋាន និងមុខងាររបស់សេវាធនាគារចល័ត អាចមានការកែប្រែនៅ ពេលណាមួយនាពេលអនាគត។ លោកអ្នក បានយល់ព្រម និងទទួលស្គាល់ថា នាពេលអនាគត ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាចបន្ថែមសេវាកម្មថ្មី ឬមិនបន្តផ្ដល់នូវសេវាធនាគារចល័តណាមួយដែលកំពុងផ្ដល់ឲ្យនាពេលបច្ចុប្បន្ននេះ។
២.១៤ ព័ត៌មានមួយចំនួនដែលមាននៅលើកម្មវិធីសេវាធនាគារចល័ត ត្រូវបានតភ្ជាប់ពី ឬទៅកាន់គេហទំព័ររបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក(www.wooribank.com.kh)។ ព័ត៌មានទាំងនេះ ក៏នឹងត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ នៅពេលដែលយើងខ្ញុំ ធ្វើបច្ចុប្បន្នភាពលើគេហទំព័រ។
២.១៥ ការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី អាចនឹងត្រូវបានផ្ដល់ជូននៅលើ App Store (សម្រាប់ទូរស័ព្ទដែលដំណើរការប្រព័ន្ធ iOS) Play Store (សម្រាប់ទូរស័ព្ទដែលដំណើរការប្រព័ន្ធ Android) ឬបណ្តាញជាក់លាក់ណាមួយ។ កម្មវិធី អាចនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ ឬតម្រូវអោយធ្វើបច្ចុប្បន្នភាពដោយខ្លួនឯង ដោយអាស្រ័យលើឧបករណ៍នីមួយៗរបស់លោកអ្នក។ សម្រាប់ការធ្វើបច្ចុប្បន្នភាពមួយចំនួន លោកអ្នកមិនអាចប្រើប្រាស់កម្មវិធីនេះបានឡើយ រហូតទាល់តែកម្មវិធីចុងក្រោយបំផុត ត្រូវបានដោនឡូតពេញលេញ។
ការហាមឃាត់
២.១៦ លោកអ្នក មិនត្រូវថតចម្លង ឬបង្កើតឡើងវិញទាំងស្រុង ឬដោយផ្នែកណាមួយ នៃកម្មវិធីសេវាធនាគារចល័តឡើយ។
២.១៧ លោកអ្នកមិនត្រូវកែប្រែ ឬយកលំនាំតាមទាំងស្រុង ឬដោយផ្នែកណាមួយនៃកម្មវិធីសេវាធនាគារចល័តឡើយ។
២.១៨ លោកអ្នក មិនត្រូវដកចេញ ឬផ្លាស់ប្តូរការប្រកាសលើសិទ្ធិអ្នកនិពន្ធដែលភ្ជាប់ ឬមាននៅក្នុងកម្មវិធីសេវាធនាគារចល័តឡើយ។ សិទ្ធិជាកម្មសិទ្ធិទាំងអស់លើកម្មវិធីសេវាធនាគារចល័ត គឺជារបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។
២.១៩ លោកអ្នក មិនត្រូវផលិតជាថ្មីឡើងវិញ (Reverse Engineering) នូវកម្មវិធីសេវាធនាគារចល័តដោយយកលំនាំតាមព័ត៌មានបច្ចេកទេសរបស់កម្មវិធីឡើយ។
២.២០ លោកអ្នកមិនត្រូវប្រើប្រាស់សេវាកម្មអ៊ីនធឺណែតណាមួយដើម្បីធ្វើឲ្យប៉ះពាល់ ឬបង្កការខូចខាតដល់ការប្រើប្រាស់កម្មវិធីរបស់អ្នកដទៃ និងមិនត្រូវព្យាយាមប្រើប្រាស់អ៊ីនធឺណែតនោះ ដើម្បីទទួលបានការចូលទៅកាន់សេវាកម្ម ទិន្នន័យ ឬគណនីណាមួយដោយគ្មានការអនុញ្ញាត បើទោះបីតាមមធ្យោបាយណាក៏ដោយ។
៣. គណនីសន្សំដែលអាចប្រើប្រាស់ជាមួយកម្មវិធី
៣.១ មានតែគណនីសន្សំឯកត្តបុគ្គល (គណនីសង្ឃឹម) ក្នុងរូបិយប័ណ្ណដុល្លារអាមេរិក ឬខ្មែររៀលតែប៉ុណ្ណោះ ដែលអាចប្រើប្រាស់កម្មវិធីសេវាធនាគារចល័តនាពេលបច្ចុប្បន្នបាន។ លោកអ្នក មិនអាចប្រើប្រាស់សេវាធនាគារចល័តដោយលាយឡំជាមួយនឹងគណនីប្រភេទផ្សេងទៀតនោះទេ។ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរនូវប្រភេទគណនីដែលអាចប្រើប្រាស់ជាមួយកម្មវិធី ដែលអាចតភ្ជាប់ទៅនឹងសេវាធនាគារចល័តបាន នៅពេលណាមួយនាពេល អនាគត។
៣.២ តាមរយៈការចុះឈ្មោះប្រើប្រាស់សេវាធនាគារចល័ត និងការយល់ព្រមលើបញ្ញត្តិ និងលក្ខខណ្ឌទាំងអស់នេះ លោកអ្នកយល់ព្រមបង្កើត និងតភ្ជាប់គណនីប្រើប្រាស់សេវាធនាគារចល័តរបស់លោកអ្នកទៅកាន់គណនីសន្សំទាំងអស់ដែលលោកអ្នកបានបើកមកទល់ពេលបច្ចុប្បន្ន និងគណនីដែលលោកអ្នកនឹងបើកនាពេលអនាគត ដើម្បីធ្វើប្រតិបត្តិការហិរញ្ញ
វត្ថុ។
៤. សុវត្ថិភាព
៤.១ លោកអ្នក ត្រូវមានភាពប្រុងប្រយ័ត្នជាមុនក្នុងការរក្សាសុវត្ថិភាព និងការពារការប្រើប្រាស់ដោយទុច្ចរិតនូវទូរស័ព្ទដែលបានបញ្ចូលកម្មវិធីសេវាធនាគារចល័ត និងព័ត៌មានសុវត្ថិភាពរបស់លោកអ្នក។
៤.២ លោកអ្នក មិនត្រូវទុកទូរស័ព្ទរបស់លោកអ្នកចោល (ដែលទូរស័ព្ទនោះមានបញ្ចូលនូវកម្មវិធី) ដោយមិនប្រុងប្រយ័ត្នដែលអាចធ្វើឲ្យបុគ្គលណាមួយអាចប្រើប្រាស់ទូរស័ព្ទរបស់លោកអ្នកដោយមិនដឹងខ្លួន ឬអនុញ្ញាតឲ្យបុគ្គលណាមួយប្រើប្រាស់ទូរស័ព្ទរបស់លោកអ្នកនៅពេលដែលលោកអ្នកកំពុងបើកកម្មវិធីសេវាធនាគារចល័ត ឬនៅក្នុងស្ថានភាពណាមួយដែលអាចឲ្យបុគ្គលផ្សេងទៀតអាចនឹងមានលទ្ធភាពចូលទៅកាន់គណនីរបស់លោកអ្នក ឬប្រើប្រាស់សេវាធនាគារចល័តទោះបីជាមាន ឬមិនមានការយល់ព្រមពីលោកអ្នកក៏ដោយ។
៤.៣ រក្សាសុវត្ថិភាពនូវឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ ដែលត្រូវបានបង្កើតដោយលោកអ្នក ដោយអនុវត្តតាមគោលការណ៍ បង្កើតឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ កំណត់ដោយធនាគារ អ៊ូរី (ខេមបូឌា) ម.ក។ លោកអ្នកត្រូវប្រាកដថា ការរក្សាទុក វាជាការសម្ងាត់របស់លោកអ្នកតែប៉ុណ្ណោះ។
៤.៤ លោកអ្នកក៏ត្រូវបានអនុញ្ញាតអោយប្តូរ ឬកំណត់លេខសម្ងាត់ថ្មីរបស់លោកអ្នកដោយខ្លួនឯងក្នុងកម្មវិធីធនាគារចល័តធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដែលតម្រូវអោយបំពេញព័ត៌មានលោកអ្នកដោយទំនួលខុសត្រូវខ្លួនឯងផ្ទាល់នៅក្នុង កាលៈទេសៈមានសុវត្ថិភាពណាមួយ។
៤.៥ លោកអ្នក ត្រូវធានាក្នុងការការពារព័ត៌មានសុវត្ថិភាពរបស់លោកអ្នក។
៤.៦ លេខសម្ងាត់ត្រូវបានទាមទាររាល់ការផ្លាស់ប្តូរព័ត៌មានសុវត្ថិភាពណាមួយនៅលើកម្មវិធីធនាគារចល័ត ។
៤.៧ លោកអ្នក មិនត្រូវបង្ហាញឲ្យដឹងនូវព័ត៌មានសុវត្ថិភាពរបស់លោកអ្នកទៅបុគ្គលណាមួយ រាប់បញ្ចូលទាំងយើងខ្ញុំ។ នៅពេលដែលលោកអ្នកទូរស័ព្ទមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដើម្បីសុំជំនួយ លោកអ្នកគ្រាន់តែផ្តល់ព័ត៌មានមួយចំនួនរបស់លោកអ្នកតែប៉ុណ្ណោះ ដើម្បីផ្ទៀងផ្ទាត់ ប៉ុន្តែលោកអ្នកមិនត្រូវប្រាប់លេខកូដសំងាត់ប្រើប្រាស់កម្មវិធី ឬ OTP ដល់យើងខ្ញុំឡើយ។
៤.៨ លោកអ្នក ត្រូវផ្លាស់ប្ដូរព័ត៌មានសុវត្ថិភាពជាបន្ទាន់ និងជូនដំណឹងមកយើងខ្ញុំភ្លាមៗតាមដែលអាចធ្វើបាន នៅពេលដែលលោកអ្នកដឹង ឬសង្ស័យថាមានបុគ្គលណាមួយបានដឹងអំពីព័ត៌មានសុវត្ថិភាពរបស់លោកអ្នក។
៤.៩ លោកអ្នកត្រូវបិទកម្មវិធី បន្ទាប់ពីលោកអ្នកឈប់ប្រើប្រាស់កម្មវិធី។
៤.១០ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក នឹងអាចកែប្រែ និង/ឬ បន្ថែមការកំណត់សុវត្ថិភាពនៅលើកម្មវិធីធនាគារចល័តដោយមិនមានការជូនដំណឹងជាមុនឡើយ។
៤.១១ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មិនត្រូវបានចងភ្ជាប់កាតព្វកិច្ច ឬមានកាតព្វកិច្ចចាត់វិធានការ ឬការបញ្ជាណាមួយដែលមិនគោរពតាមបញ្ញត្តិ និងលក្ខខណ្ឌទាំងអស់នេះ ហើយយើងខ្ញុំអាចបដិសេធមិនទទួលយកនូវការបញ្ជាដែលមិនគោរពតាមបញ្ញត្តិ និងលក្ខខណ្ឌនោះ។
៤.១២ លោកអ្នក មិនត្រូវប្រើប្រាស់កម្មវិធីសេវាធនាគារចល័តនៅលើឧបករណ៍ ឬប្រព័ន្ធប្រតិបត្តិការណាមួយដែលត្រូវបានកែច្នៃ ផ្លាស់ប្តូរ ដោះសោរ (Jailbreak) ឬកែប្រែប្រព័ន្ធខាងក្នុង (Root)។ ឧបករណ៍ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការដែលត្រូវបានកែច្នៃ ផ្លាស់ប្តូរ ដោះសោរ (Jailbreak) និងកែប្រែប្រព័ន្ធខាងក្នុង (Root) សំដៅលើឧបករណ៍ដែលត្រូវបានកែប្រែឲ្យរួចផុតពីដែនកំណត់ដែលកម្រិតដោយប្រតិបត្តិករផ្តល់សេវាទូរស័ព្ទ និងអ្នកផលិតទូរស័ព្ទ ដោយមិនមានការយល់ព្រមពីបុគ្គលទាំងនោះ។
៤.១៣ ដើម្បីសុវត្ថិភាព កម្មវិធីធនាគារចល័ត ត្រូវបានភ្ជាប់ជាមួយឧបករណ៍របស់លោកអ្នកដែលធ្វើការចុះឈ្មោះ ដោយមិនអនុញ្ញាតអោយអ្នកប្រើប្រាស់ផ្សេងទៀតចូលប្រើប្រាស់បាន ប្រសិនបើវាមិនត្រូវបានលុបចេញ ឬតម្លើងជាថ្មី។
៤.១៤ បន្ទាប់ពីបានចុះឈ្មោះរួចរាល់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក នឹងមិនធ្វើការទាក់ទងទៅលោកអ្នក ឬអោយបុគ្គលណាមួយធ្វើការទាក់ទងទៅលោកអ្នកក្នុងនាមយើងខ្ញុំ ដើម្បីឲ្យលោកអ្នកបង្ហាញឲ្យដឹងនូវព័ត៌មានសុវត្ថិភាពទាំងអស់របស់លោកអ្នកឡើយ។ ក្នុងករណីដែលលោកអ្នកទទួលបានការស្នើសុំដូចខាងលើពីបុគ្គលណាមួយ ទោះបីជាបុគ្គលនោះប្រើឈ្មោះ ឬស្លាកសញ្ញាក្រុមហ៊ុនរបស់យើងខ្ញុំក៏ដោយ យើងខ្ញុំសូមជម្រាបជូនថាសំណើនោះអាចជាការក្លែងបន្លំ ហើយលោកអ្នកមិនត្រូវផ្ដល់ព័ត៌មានសុវត្ថិភាពរបស់លោកអ្នកទៅកាន់បុគ្គលនោះឡើយ ទោះបីជានៅក្នុងកាលៈទេសៈណាមួយក៏ដោយ ហើយលោកអ្នកត្រូវរាយការណ៍អំពីការស្នើសុំនោះមកកាន់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជាបន្ទាន់។
៤.១៥ ក្នុងករណីលោកអ្នកផ្លាស់ប្តូរលេខទូរស័ព្ទ លោកអ្នកត្រូវមកកាន់សាខា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីស្នើសុំផ្លាស់ប្តូរលេខទូរស័ព្ទនោះជាបន្ទាន់តាមដែលអាចធ្វើបាន។
៥. ការផ្ទៀងផ្ទាត់ Biometric
លោកអ្នកក៏អាចចូលប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដោយប្រើប្រាស់ក្រយ៉ៅដៃ ការសម្គាល់ដោយផ្ទៃមុខ និង/ឬ ការសម្គាល់លក្ខណៈជីវសាស្រ្តណាមួយ (តទៅនេះជារួមសំដៅលើទិន្នន័យ Biometric) នៃមុខងារអនុញ្ញាតនៅក្នុងកម្មវិធី (តទៅនេះសំដៅលើមុខងារ)។ ដើម្បីប្រើប្រាស់ អតិថិជនត្រូវឯកភាពជាមួយបទបញ្ញត្តិ និងលក្ខខណ្ឌដូចខាងក្រោម៖
៥.១ ការប្រើប្រាស់មុខងារនេះជាការស្ម័គ្រចិត្ត ហើយពុំមានការរឹតត្បិតក្នុងការប្រើប្រាស់ការសម្គាល់ណាមួយឡើយ។
៥.២ នៅពេលដែលលោកអ្នកបើកដំណើរការមុខងារនេះ ការចូលប្រើប្រាស់កម្មវិធីធនាគារចល័តនឹងអាចប្រើប្រាស់ជាមួយ ទិន្នន័យ Biometric របស់លោកអ្នកជំនួសអោយការបញ្ចូលលេខសម្ងាត់។ សេវាកម្មមួយចំនួន ដូចជាការទូទាត់ ការផ្ទេរប្រាក់ទៅគណនីផ្សេងទៀតក្រៅពីគណនីផ្ទាល់ខ្លួន នៅតែតម្រូវអោយប្រើប្រាស់លេខសម្ងាត់ដែលទទួលស្គាល់ ដោយធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដើម្បីអនុញ្ញាតប្រតិបត្តិការ។
៥.៣ ការប្រើប្រាស់មុខងារនេះគឺអាស្រ័យលើបច្ចេកវិទ្យា និងកម្មវិធីនៅលើឧបករណ៍ចល័តរបស់លោកអ្នក ហើយក៏អាស្រ័យលើសមត្ថភាពក្នុងការចាប់យកទិន្នន័យ Biometric។ យើងខ្ញុំមិនបានគ្រប់គ្រង ឬដំណើរការទិន្នន័យ Biometric របស់ លោកអ្នកឡើយ។
៥.៤ ទិន្នន័យ Biometric ទាំងអស់ ដែលបានរក្សាទុកក្នុងឧបករណ៍ចល័តរបស់លោកអ្នកមុនពេលបើកដំណើរការមុខងារនេះ អាចប្រើប្រាស់បានសម្រាប់អនុញ្ញាតប្រតិបត្តិការ។ នេះជាមូលហេតុដែលលោកអ្នកត្រូវប្រាកដថា មានតែទិន្នន័យ Biometric ប៉ុណ្ណោះដែលបានរក្សាទុកក្នុងឧបករណ៍ចល័តរបស់លោកអ្នកមុនពេលបើកដំណើរការមុខងារនេះ។ ទិន្នន័យBiometric ដទៃទៀតទាំងអស់ត្រូវលុបចេញពីឧបករណ៍របស់លោកអ្នក មុនពេលបើកដំណើរការមុខងារ។
៥.៥ ដើម្បីបង្ការការបំពានណាមួយ និងការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ការផ្ទៀងផ្ទាត់របស់លោកអ្នកដោយប្រើប្រាស់ ទិន្នន័យBiometric ត្រូវតែប្រាកដថាលោកអ្នកមិនអនុញ្ញាតអោយអ្នកផ្សេងទៀតប្រើប្រាស់ឧបករណ៍ឡើយ។
៥.៦ សកម្មភាពទាំងអស់ដែលកើតឡើយដោយការប្រើប្រាស់មុខងារអនុញ្ញាតជាមួយទិន្នន័យBiometric ត្រូវបានចាត់ទុកថា ធ្វើឡើងដោយអតិថិជនដែលបានបើកដំណើរការមុខងារក្នុងឧបករណ៍ចល័ត និងភ្ជាប់ជាមួយអតិថិជនដែលមានសិទ្ធិ ពេញលេញក្នុងការប្រើប្រាស់មុខងារនេះ។
៥.៧ ប្រសិនបើមុខងារផ្ទៀងផ្ទាត់ដោយប្រើប្រាស់ទិន្នន័យBiometric នៅលើឧបករណ៍មិនអាចសម្គាល់ទិន្នន័យBiometric របស់លោកអ្នកបាន លោកអ្នកត្រូវចូលប្រើប្រាស់កម្មវិធីធនាគារចល័តជាមួយលេខសម្ងាត់ដែលទទួលស្គាល់ដោយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។
៥.៨ យើងខ្ញុំមានសិទ្ធិ ទោះជាពេលណាមួយ ដោយមាន ឬមិនមានការជូនដំណឹងជាមុនក្នុងការការពារការចូលប្រើប្រាស់ ជាមួយមុខងារនេះ ទៅលើសេវាកម្មណាមួយ ឬច្រើន ឬបិទការប្រើប្រាស់មុខងារនេះទាំងអស់។
៥.៩ អតិថិជនត្រូវបញ្ជាក់ពីការបើកដំណើរការមុខងារជាមួយលេខសម្ងាត់ដែលទទួលស្គាល់ដោយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។
៥.១០ មុខងារនេះត្រូវបានបើកដំណើរការផ្សេងៗពីគ្នារាល់ឧបករណ៍នីមួយៗ។
៥.១១ ប្រសិនបើមានការបន្ថែមទិន្នន័យBiometricថ្មីទៅឧករណ៍របស់លោកអ្នក មុខងារនេះត្រូវបានបើកដំណើរការឡើងវិញ ឬដំណើរការដោយស្វ័យប្រវត្តិជាមួយទិន្នន័យBiometricថ្មីទៅតាមការកំណត់លក្ខណៈបច្ចេកទេស។ នៅក្នុងឧបករណ៍ មួយចំនួន (អាស្រ័យតាមបច្ចេកវិទ្យា និងកម្មវិធីរបស់ឧបករណ៍) ការបើកដំណើរការមុខងារឡើងវិញត្រូវការជាចាំបាច់ ក្រោយពីការលុបទិន្នន័យBiometric។
៥.១២ មុខងារនេះនឹងអាចបិទដំណើរការតាមវិធីដូចខាងក្រោម៖
- ការបិទមុខងារនៅក្នុងកម្មវិធីធនាគារចល័តរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។ បន្ទាប់ពីនេះតទៅ មុខងារនឹងមិនអាច ប្រើប្រាស់នៅក្នុងកម្មវិធីទៀតឡើយ។
- ការលុបទិន្នន័យBiometricចេញពីការកំណត់នៅលើឧបករណ៍របស់លោកអ្នក។ បន្ទាប់ពីនេះតទៅមុខងារនឹងមិន អាចប្រើប្រាស់នៅក្នុងកម្មវិធីភ្លាមៗ។
៥.១៣ ការប្រើប្រាស់ការអនុញ្ញាតដោយប្រើទិន្នន័យBiometricត្រូវបានបញ្ចប់តាមវិធីខាងក្រោម៖
- ការលុបកម្មវិធីធនាគារចល័តរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក
៥.១៤ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក រក្សាសិទ្ធិមិនទទួលខុសត្រូវការបាត់បង់ណាមួយរបស់លោកអ្នកដោយការផ្ទៀងផ្ទាត់តាម Biometric ដែលបានបើកដំណើរការដោយលោកអ្នក។
៥.១៥ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសិទ្ធិកែប្រែបញ្ញត្តិទាំងនេះជាឯកតោភាគីដូចមានចែងក្នុងបញ្ញត្តិ និងលក្ខខណ្ឌ ទូទៅនៃសេវាធនាគារចល័តរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។
៦. ការទទួលខុសត្រូវ និងសំណងការខូចខាត
៦.១ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មិនទទួលខុសត្រូវចំពោះការខកខានក្នុងការផ្ដល់សេវាធនាគារចល័តដោយផ្នែកណាមួយ ឬទាំងស្រុងដែលបណ្ដាលមកពីភាពមិនប្រក្រតី និងកាលៈទេសៈដែលមិនអាចរំពឹងទុកមុនបានហើយលើសពីសមត្ថភាពរបស់យើងខ្ញុំក្នុងការគ្រប់គ្រង ដោយបង្កឲ្យមានផលវិបាកកើតមានឡើងដោយមិនអាចចៀសវាងបាន ទោះបីជាយើងខ្ញុំបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់ក៏ដោយ។ ការខកខាននោះ រាប់បញ្ចូលទាំងការខកខានខាងប្រព័ន្ធបណ្ដាញទូរស័ព្ទ ឬក្នុងករណីលោកអ្នកកំពុងស្ថិតនៅក្នុងតំបន់ដែលសេវាទូរស័ព្ទមិនអាចគ្របដណ្ដប់បាន។
៦.២ កម្មវិធី ត្រូវបានផ្តល់ជូនអតិថិជនដោយមានមុខងារពេញលក្ខណៈ ហើយយើងខ្ញុំ មិនធ្វើការអះអាង ធានា ឬព្រមព្រៀងក្នុងករណីណាមួយលើភាពពេញលក្ខណៈនៃមុខងារនោះឡើយ។ យើងខ្ញុំ មិនធានាថាមិនមានវីរុស ឬការចម្លងមេរោគ ឬការបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងចម្លងចូលទូរស័ព្ទរបស់លោកអ្នក ឬុមិនមានការខូចខាតណាមួយនឹងកើតមានឡើងចំពោះទូរស័ព្ទរបស់លោកអ្នកឡើយ។ យើងខ្ញុំ មិនទទួលខុសត្រូវលើការខាតបង់ណាមួយដែលអាចកើតមានឡើងបណ្ដាលមកពីមូលហេតុខាងលើនោះឡើយ។
៦.៣ យើងខ្ញុំ មិនទទួលខុសត្រូវចំពោះលោកអ្នកឡើយ ប្រសិនបើយើងខ្ញុំមិនបានគោរពតាមបញ្ញត្តិ និងលក្ខខណ្ឌណាមួយដោយសារភាពមិនប្រក្រតី និងកាលៈទេសៈដែលមិនអាចរំពឹងទុកមុនបានហើយលើសពីសមត្ថភាពរបស់យើងខ្ញុំក្នុងការគ្រប់គ្រង ដោយបង្កអោយមានផលវិបាកកើតមានឡើងដោយមិនអាចចៀសវាងបាន ទោះបីជាយើងខ្ញុំបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់ក៏ដោយ។
៦.៤ លោកអ្នក បានយល់ព្រមថាធានាសង និងផ្ដល់សំណងការខូចខាតដល់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក លើរាល់ការខូចខាត ការខាតបង់ ការចំណាយ ឬការទទួលខុសត្រូវដែល ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ទទួលរ៉ាប់រងដោយបណ្ដាលមកពីការបំពានណាមួយរបស់លោកអ្នកលើកិច្ចព្រមព្រៀងនេះ។
៧. កម្រៃសេវា
៧.១ នាពេលបច្ចុប្បន្ន ការចុះឈ្មោះប្រើប្រាស់សេវាធនាគារចល័ត គឺមិនមានការគិតថ្លៃឡើយ។ ប្រតិបត្តិការហិរញ្ញវត្ថុណាមួយដែលធ្វើឡើងចេញពីគណនីដែលមាននៅក្នុង ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ទៅកាន់គណនីដែលមាននៅក្នុង ធនាគារ អ៊ូរី (ខេមបូឌា) ម.ក គឺមិនមានការគិតថ្លៃឡើយ។
៧.២ ប្រតិបត្តិការហិរញ្ញវត្ថុណាមួយ ដែលធ្វើឡើងទៅកាន់គណនីដែលមាននៅជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុដទៃផ្សេងទៀតណាមួយ គឺត្រូវគិតកម្រៃសេវាដែលបានបង្ហាញនៅក្នុងកម្មវិធី នៅពេលដែលលោកអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុនោះ។ លោកអ្នក ក៏អាចសាកសួរអំពីអត្រាកម្រៃសេវានេះនៅតាមសាខា ឬបុគ្គលិកបម្រើសេវាកម្មអតិថិជនរបស់យើងខ្ញុំផងដែរ។
៧.៣ នៅពេលណាមួយនាពេលអនាគត ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាចគិតកម្រៃសេវា និងសោហ៊ុយដាច់ដោយឡែក ឬថ្មីមួយចំពោះការប្រើប្រាស់សេវាធនាគារចល័ត ដោយយើងខ្ញុំនឹងជូនដំណឹងដោយសមស្របអំពីការផ្លាស់ប្តូរនេះទៅកាន់លោកអ្នក។
៨. ការព្យួរ ឬការបញ្ចប់
៨.១ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាចព្យួរ ឬបញ្ចប់សិទ្ធិរបស់លោកអ្នកក្នុងការចូលទៅប្រើប្រាស់សេវាធនាគារចល័តនៅពេលណាមួយស្របតាមឆន្ទានុសិទ្ធិតែមួយគត់របស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដោយមិនមានការជូនដំណឹងមុននៅពេលដែល៖
– យើងខ្ញុំមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កម្មវិធីសេវាធនាគារចល័ត
– យើងខ្ញុំសង្ស័យថា កម្មវិធីសេវាធនាគារចល័តរបស់លោកអ្នកត្រូវបានប្រើប្រាស់ដោយក្លែងបន្លំ ឬដោយមិនមានការអនុញ្ញាតត្រឹមត្រូវ
– យើងខ្ញុំសន្មតថាលោកអ្នកបំពានបញ្ញត្តិ និងលក្ខខណ្ឌទាំងអស់នេះ ឬ
– យើងខ្ញុំត្រូវបានតម្រូវឲ្យព្យួរ ឬបញ្ចប់សិទ្ធិរបស់លោកអ្នកដោយច្បាប់ ដីកាបង្គាប់របស់តុលាការ ឬធនាគារជាតិនៃកម្ពុជា។
៨.២ យើងខ្ញុំ នឹងបញ្ចប់សិទ្ធិរបស់លោកអ្នកក្នុងការចូលទៅប្រើប្រាស់សេវាធនាគារចល័ត ប្រសិនបើលោកអ្នក ឈប់ប្រើប្រាស់គណនីសន្សំដែលតភ្ជាប់ដើម្បីប្រើប្រាស់កម្មវិធីសេវាធនាគាចល័តជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ឬ ប្រសិនបើ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ឬបុគ្គលផ្សេងទៀតណាមួយបានដាក់កម្រិតមិនអោយលោកអ្នកចូលទៅប្រើប្រាស់គណនីនោះដោយមូលហេតុណាមួយ។
៨.៣ លោកអ្នក អាចបញ្ឈប់ការប្រើប្រាស់សេវាធនាគារចល័តរបស់លោកអ្នក ដោយលោកអ្នកទៅបំពេញទម្រង់បែបបទស្នើសុំបញ្ឈប់នៅសាខាណាមួយរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។
៨.៤ លោកអ្នក ទទួលស្គាល់ថាការព្យួរ ឬការបញ្ឈប់នេះនឹងមិនប៉ះពាល់ដល់ការទទួលខុសត្រូវ ឬកាតព្វកិច្ចរបស់លោកអ្នកពាក់ព័ន្ធនឹងការបញ្ជាទូទាត់ប្រាក់ណាមួយ ដែលលោកអ្នកបានបញ្ជាក់តាមរយៈកម្មវិធីឲ្យ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ធ្វើប្រតិបត្តិ្កការហិរញ្ញវត្ថុ ជូនលោកអ្នក។
៩. ករណីប្រធានសក្តិ
៩.១ មិនមានភាគីណាមួយ ត្រូវទទួលខុសត្រូវលើការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមបទបញ្ញត្តិ និងលក្ខខណ្ឌនេះឡើយ ប្រសិនបើការខកខាននោះ កើតមានឡើងបណ្ដាលមកពីករណីប្រធានសក្តិ។
៩.២ សម្រាប់គោលបំណងនៃបទបញ្ញត្តិ និងលក្ខខណ្ឌនេះ ករណីប្រធានសក្តិ គឺជាព្រឹត្តិការណ៍មួយដែល ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មិនអាចគ្រប់គ្រងបានដូចជា៖ សកម្មភាពភេរវកម្ម សង្រ្គាម អគ្គីភ័យ ការផ្ទុះ រញ្ជួយដី ការបាក់ស្រុតដី ខ្យល់ព្យុះ ទឹកជំនន់ ជម្ងឺឆ្លង ការរាលត្បាតជម្ងឺ ឬការបង្ខាំងទុកដាច់ដោយឡែកដើម្បីការពាររោគឆ្លង (health quarantines)។
១០. ព័ត៌មានឯកជន
យើងខ្ញុំនឹងធានាថាព័ត៌មានឯកជនរបស់លោកអ្នកត្រូវបានការពារតាមរយៈ៖
ក. ការប្រកាន់ខ្ជាប់នូវកាតព្វកិច្ចទូទៅក្នុងការរក្សាការសំងាត់ជូនចំពោះលោកអ្នក លើកលែងតែក្នុងករណីមួយចំនួនដូចខាងក្រោម៖
ក.១ ដរាបណាការបើកបង្ហាញព័ត៌មានរបស់លោកអ្នកត្រូវបានតម្រូវដោយច្បាប់
ក.២ ដរាបណាយើងខ្ញុំមានកាតព្វកិច្ចចំពោះសាធារណជន ក្នុងការបើកបង្ហាញព័ត៌មានរបស់លោកអ្នក និង
ក.៣ ដរាបណាយើងខ្ញុំទទួលបានការយល់ព្រមពីលោកអ្នកដោយជាក់លាក់ ឬដោយប្រយោលក្នុងការបើកបង្ហាញព័ត៌មាននោះ។
ខ. រក្សាព័ត៌មានរបស់លោកអ្នកទុកជាការសំងាត់ និងឯកជន និង
គ. បញ្ឈប់ការប្រើប្រាស់ព័ត៌មានរបស់លោកអ្នកក្នុងគោលបំណងផ្សព្វផ្សាយទីផ្សារ ឬបញ្ឈប់ការទាក់ទងទៅលោកអ្នកដែលធ្វើឡើងដោយចេតនាផ្ទាល់ខ្លួន ប្រសិនបើលោកអ្នកជូនដំណឹងដល់យើងខ្ញុំថាលោកអ្នកជំទាស់នឹងការអនុវត្តទាំងអស់នេះ។
១១. ការកែប្រែបញ្ញតិ្ត និងលក្ខខណ្ឌ
១១.១ ស្របតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាចកែប្រែកម្រៃសេវា កំណត់កម្រៃសេវាថ្មី និងកែប្រែ បញ្ឈប់ ឬបន្ថែមសេវាធនាគារចល័តរបស់យើងខ្ញុំ ក្នុងមូលហេតុណាមួយដោយធ្វើការជូនដំណឹងយ៉ាងហោចណាស់៣០ថ្ងៃ។
១១.២ បន្ថែមពីលើការកែប្រែដែលមានចែងក្នុងប្រការ១០.១ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាចធ្វើការកែប្រែផ្សេងទៀតណាមួយទៅលើបញ្ញត្តិ និងលក្ខខណ្ឌក្នុងមូលហេតុណាមួយស្របតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន។ យើងខ្ញុំ អាចជូនដំណឹងដោយសមស្របអំពីការកែប្រែនេះទៅកាន់លោកអ្នក តាមរយៈការទំនាក់ទំនងជាលាយលក្ខណ៍អក្សរ ឬតាមប្រព័ន្ធអេឡិចត្រូនិច រាប់បញ្ចូលទាំង អ៊ីមែល ទូរស័ព្ទ ការផ្ញើសារ SMS ការជូនដំណឹងនៅក្នុងកម្មវិធី ការដាក់បង្ហាញនៅលើ
គេហទំព័ររបស់យើងខ្ញុំ ការដាក់បង្ហាញតាមសាខារបស់យើងខ្ញុំ ការបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុក ឬការផ្សព្វផ្សាយតាមសារព័ត៌មាន។
១១.៣ បន្ទាប់ពីយើងខ្ញុំបានជូនដំណឹងអំពីការកែប្រែនេះទៅកាន់លោកអ្នកដូចបានបញ្ជាក់ពីខាងលើ លោកអ្នកត្រូវបានសន្មតថាបានទទួលការជូនដំណឹងនោះ។ លោកអ្នកនឹងត្រូវបានចាត់ទុកថាទទួលយល់ព្រមចំពោះការកែប្រែនោះ នៅពេលដែលលោកអ្នកនៅតែបន្តប្រើប្រាស់សេវាធនាគារចល័តណាមួយរបស់យើងខ្ញុំ បន្ទាប់ពីមានការជូនដំណឹង។
១២. ការដោះស្រាយបណ្ដឹង
ប្រសិនបើលោកអ្នកជួបបញ្ហាអ្វីមួយទាក់ទងនឹងសេវាធនាគារចល័ត ឬប្រសិនបើលោកអ្នកជឿជាក់ថាមូលនិធិរបស់លោកអ្នកត្រូវបានបាត់បង់ ឬមានភាពមិនប្រក្រតីនៅក្នុងប្រតិបត្តិការរបស់លោកអ្នក ឬលោកអ្នកបាត់ទូរស័ព្ទ ឬទូរស័ព្ទរបស់លោកអ្នកត្រូវបានគេលួច ឬលោកអ្នកជឿជាក់ ឬសង្ស័យថាបុគ្គលណាមួយបានដឹងពីព័ត៌មានសុវត្ថិភាពរបស់លោកអ្នក ឬធ្លាប់ប្រើប្រាស់ ឬព្យាយាមប្រើប្រាស់គណនីគ្រឹះស្ថានហិរញ្ញវត្ថុរបស់លោកអ្នកតាមរយៈសេវាធនាគារចល័តរបស់យើងខ្ញុំ លោកអ្នកត្រូវរាយការណ៍ ឬជូនដំណឹងមកកាន់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជាបន្ទាន់តាមរយៈ៖
- ប្រធានសាខា ឬអ្នកគ្រប់គ្រងបេឡា នៅតាមសាខាណាមួយរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក
- ផ្នែកបម្រើសេវាអតិថិជន តាមលេខទូរស័ព្ទ៖ ០២៣ ៩៦៣ ៣៣៣។
– អ៊ីម៉ែល៖ info@wooribank.com.kh