ធនាគារ អ៊ូរី សហការជាមួយក្រុមហ៊ុន វែរីវើដស៍ ដើម្បីផ្តល់កន្លែងសាកថ្មម៉ូតូអគ្គិសនី នៅភ្នំពេញ និងសៀមរាប!

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣​ ធនាគារ អ៊ូរី (ខេមបូឌា)ម.ក និង​ក្រុមហ៊ុន វែរីវើដស៍ បានចុះអនុស្សរណៈយោគយល់ជាមួយគ្នាក្នុងការផ្តល់កន្លែងសាកថ្ម ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនដែលចង់ប្រើប្រាស់ម៉ូតូអគ្គិសនី របស់​​ក្រុមហ៊ុនវែរីវើដស៍ នៅតាមសាខារបស់ធនាគារ អ៊ូរី។

ម៉ូតូអគ្គិសនី មានភាពសំខាន់ក្នុងការប្រើថាមពលស្អាតទៅកាន់វិស័យដឹកជញ្ជូន។ វា​ផ្តល់​ថាមពល​ដល់​យានយន្ត​ដោយ​​ជំនួស​ការប្រើឥន្ធនៈមកជាការប្រើអគ្គិសនី​ជា​ប្រភព​ថាមពល​សម្រាប់​យានយន្ត។ ម៉ូតូអគ្គិសនី មិន​ត្រឹម​តែ​ជួយសន្សំសំចៃក្នុងការ​ចំណាយ​ប៉ុណ្ណោះ​ទេ ​វាថែមទាំង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ។

កម្មវិធីនេះមានការអញ្ជើញជាគណធិបតីពី​ លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ និងគណៈគ្រប់គ្រងជាន់ខ្ពស់ ព្រមទាំងបុគ្គលិកផងដែរ​។​ ដោយឡែក​​ពីក្រុមហ៊ុន វែរីវើដស៍ ​​ មានការចូលរួមជាតំណាង​ ពីលោក​ គីម សុងអ៊ូ ដែលជាអគ្គនាយកប្រតិបត្តិ និងបុគ្គលិកផងដែរ។​ ពិធីនេះ ត្រូវបានប្រារព្ធនៅ ទីស្នាក់ការកណ្តាលធនាគារ អ៊ូរី នៅ រាជធានីភ្នំពេញ។​

ថ្លែងនៅក្នុងពិធី លោក គីម ហុងជូ ​បាននិយាយថា ធនាគារ អ៊ូរី (ខេមបូឌា) តែងតែខិតខំស្វែករកនូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ក្រោមពាក្យស្លោក “ធនាគារដែលរីកចម្រើនជាមួយនឹងប្រជាជនកម្ពុជា”។ តាមរយៈការចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន​​វែរីវើដស៍,​ ធនាគារ អ៊ូរី (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់កន្លែងសាកថ្ម ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនដែលចង់ប្រើប្រាស់ម៉ូតូអគ្គិសនី។ នាពេលខាងមុខ ស្ថាប័នទំាំងពីរក៏នឹងបន្តសហការជាមួយគ្នាសម្រាប់សេវាកម្មផ្សេងៗទៀតផងដែរ។

លោកបន្តទៀតថា​ ការចុះអនុស្សរណៈយោគយល់នេះមានគោលបំណងគាំទ្រដល់សកម្មភាព ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការកើនឡើងកម្ដៅផែនដី។ យើងសង្ឃឹមយ៉ាងមុតមាំថាការចុះអនុស្សរណៈយោគយល់នេះ នឹងអាចផ្ដល់ការគាំទ្រកាន់តែប្រសើរឡើងសម្រាប់បរិស្ថាន និងសង្គមរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ តាមរយៈការគាំទ្រនេះ ធនាគារ អ៊ូរី (ខេមបូឌា)  នឹងបន្ដរីកចម្រើនជាមួយប្រជាជនកម្ពុជាប្រកបដោយភាពរឹងមំា និងចីរភាព។

លោក គីម សុងអ៊ូ ជាអ្នកតំណាងឲ្យក្រុមហ៊ុន វែរីវើដស៍​ បានបញ្ជាក់ថា​ ក្រុមហ៊ុន វែរីវើដស៍ កំពុងធ្វើការលើការកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃយានយន្តអគ្គិសនីដែលយើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាអាចចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ​​ដោយសហការជាមួយនឹងធនាគារ អ៊ូរី ​ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាកថ្មយានយន្តអគ្គិសនីនឹងបន្ដកើនច្រើនកន្លែងទៀតនៅទូទំាងប្រទេសកម្ពុជា ដោយចាប់ផ្ដើមនៅក្រុងសៀមរាប​និង ក្រុងភ្នំពេញ។​ លើសពីនេះ ក្រុមហ៊ុន វែរីវើដស៍ ក៏កំពុងរៀបចំនូវវេទិកានៃវប្បធម៌ដែលគ្មានការសាយភាយឧស្ម័នកាបូនឌីអុកស៊ីត ដើម្បីឲ្យប្រជាជនអាចចូលរួមយ៉ាងសកម្មជាមួយនឹងយើងផងដែរ។ ហើយវាពិតជារឿងដ៏គួរឲ្យសោមនស្សរីករាយខ្លំាងណាស់ដែលធនាគារ អ៊ូរី នឹងក្លាយជាចំណែកមួយនៃកិច្ចការទំាងនេះជាមួយយើង។

យោងតាមកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចំាកម្ពុជា(UNDP Cambodia) បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានបញ្ចូលយានយន្ដអគ្គិសនី​ (EV) ទៅក្នុងគោលនយោបាយដឹកជញ្ជូនរបស់ប្រទេស ដោយផ្តោតលើទីក្រុង។ ទីក្រុងនានា ដែលមាននគរូបនីយកម្មយ៉ាងឆាប់រហ័ស ផ្តល់នូវបរិយាកាសដ៏ល្អសម្រាប់រថយន្ដអគ្គិសនី​ (EV) ជាមួយនឹងផ្លូវក្រាលកៅស៊ូ ប្រភពអគ្គិសនីដែលអាចទុកចិត្តបាន និងចំនួនស្ថានីយ៍សាកថ្មដែលកំពុងកើនឡើង។ យុទ្ធសាស្ត្រអព្យាក្រឹតភាពនៃការសាយភាពកាបូនរយៈពេលវែងរបស់កម្ពុជា បានដាក់ជូនអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីខែធ្នូកន្លងទៅ រួមមានការសន្យាថានឹងមានរថយន្ត EV និងរថយន្តក្រុងចំនួន ៤០% និងម៉ូតូអគ្គិសនី ៧០% នៅឆ្នាំ ២០៥០។

អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២០ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។ ​

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤១៧ នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨២​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។

ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

Share