ភ្នំពេញ៖ ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលនៃធនាគារ អ៊ូរី បានប្រារព្ធកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភីទាំង ៣រូប ពីការប្រកួតប្រជែងរចនាUXUI របស់WOORIWON សរុបជាទឹកប្រាក់ចំនួន ៩.០០០ ដុល្លាសហរដ្ឋអាមេរិក។ កម្មវិធីនេះមានកិត្តិយសដោយមានការចូលរួមប្រគល់រង្វាន់ដោយផ្ទាល់ពីសំណាក់លោកអគ្គនាយកប្រតិបត្តិ គីម ហុងជូ គណៈកម្មការវាយតំលៃ ព្រមទាំងថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ ធនាគារ អ៊ូរី ។
ម្ចាស់ជ័យលាភីទាំងបីរូប ទទួលបាននូវ ប្រាក់រង្វាន់ជាទីគាប់ចិត្តចំនួន ៥.០០០ ដុល្លារ ៣.០០០ ដុល្លារ និង ១.០០០ ដុល្លារ តាមលំដាប់ លេខ១ លេខ២ និងលេខ៣។ កម្មវិធីប្រគល់រង្វាន់នេះ សបញ្ជាក់ពីការយកចិត្តទុកដាក់របស់ ធនាគារ អ៊ូរី ទៅលើការបង្កើតនូវបទពិសោធន៍ថ្មី នៃការប្រើប្រាស់កម្មវិធីធនាគារចល័ត និងធនាគារឌីជីថល ដែលស្របតាម និន្នាការ នៃការប្រើប្រាស់ និងតម្រូវការរបស់អតិថិជន នៅក្នុងយុគសម័យឌីជីថល។
លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិ របស់ធនាគារ បានថ្លែងថា “ធនាគារ Woori Bank Cambodia បានអញ្ជើញអ្នកដែលមានគំនិតល្អៗនៅក្នុង Fin Tech ដើម្បីចូលរួមបង្កើតការរចនាដ៏ទាក់ទាញ និងមុខងារបន្ថែមដល់ WOORI WON ដើម្បីធ្វើអោយកម្មវិធី ធនាគារចល័តមួយនេះក្លាយជាកម្មវិធី មួយដ៏ទាក់ទាញ និងងាយស្រួលប្រើ
បំផុតនៅក្នុងប្រទេសកម្ពុជា”
“ចក្ខុវិស័យរបស់ធនាគារ Woori Bank Cambodia គឺដើម្បីក្លាយជា“ជម្រើសទីមួយនៃសេវាកម្មហិរញ្ញវត្ថុ”សម្រាប់ប្រជាជនកម្ពុជាជាមួយនឹងគុណតម្លៃស្នូលរបស់យើងជាធនាគារដែល លឿនបំផុត ងាយស្រួលបំផុត និងច្នៃប្រឌិតបំផុតនៅកម្ពុជា” លោក អគ្គនាយកប្រតិបត្តិបានបន្ត ។
តំណាងឱ្យម្ចាស់ជ័យលាភីទាំងអស់ លោក វង្ស ឈឹមឧបុល ជ័យលាភីលេខ១ បាននិយាយថា៖ “អាចនិយាយបានថា នេះជាកម្មវិធីថ្មីដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានផ្ដល់ឱកាសឱ្យបេក្ខជនទូទៅ រួមទាំងរូបខ្ញុំផងដែរក្នុងការបង្ហាញសមត្ថភាព និងបញ្ចេញស្នាដៃអំពីការរចនា UX/UI សំរាប់កម្មវិធី Mobile Banking។ កម្មវិធីប្រកួតប្រជែងនេះ សបញ្ជាក់ពីការផ្តល់តម្លៃដល់សារៈសំខាន់នៃការងារផ្នែករចនា។ ក្នុងនាមខ្ញុំជាអ្នកអាជីពផ្នែករចនាមួយរូប ខ្ញុំពិតជាពេញចិត្ត និង រំភើបចិត្តជាខ្លាំងចំពោះការផ្តួចផ្តើមរបស់ ធនាគារ អ៊ូរី ដែលបានបង្កើត កម្មវិធី នេះឡើង”។
សូមបញ្ជាក់ដែរថា កម្មវិធីប្រកួតប្រជែងរចនា UXUI របស់Woori WON Mobile Banking ត្រូវបានប្រកាសចាប់ផ្តើមបើកទទួលការបង្ហាញស្នាដៃរយៈពេល២ខែពេញ ដោយចាប់ផ្ដើមឡើងតាំងពី ថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់សាធារណជន ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មានបេក្ខជនបានដាក់ពាក្យចូលរួមយ៉ាងច្រើន ទូទាំងប្រទេស ដែលបានធ្វើឱ្យដំណើរការ វាយតម្លៃ និងដាក់ពិន្ទុទៅលើស្នាដៃរចនាដែលបានទទួលមក តាមគោលការណ៍ការវិនិច្ឆ័យដ៏តឹងរឹង និងយុត្តិធម៌ ត្រូវចំណាយពេលយូរជាងការរំពឹងទុក។
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០ នាក់ ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១,៣ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាមេរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់។